A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 28 January 2014

អង្គការ​អន្តរជាតិ​និង​ជាតិ​សុំ​ឲ្យ អ.ស.ប ដោះស្រាយ​វិបត្តិ​សិទ្ធិ​មនុស្ស​នៅ កម្ពុជា

Daniel Pye, The Phnom Penh Post
Monday, 27 January 2014

ភ្នំពេញៈ អង្គការ​លើក​លែង​ទោស​អន្តរជាតិ និង​អង្គការ​សិទិ្ធ​មនុស្ស លីកាដូ កាល​ពី​ម្សិលមិញ បាន​អំពាវនាវ​ឲ្យ​រដ្ឋ​ជា​សមាជិក​អង្គការ​សហ​ប្រជាជាតិ «ដោះស្រាយ​វិបតិ្ត​សិទិ្ធ​មនុស្ស​នៅ​កម្ពុជា» ក្នុង​សវនាការ​ក្រុម​ប្រឹក្សា​សិទិ្ធ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ នៅ​ទីក្រុង ហ្សឺណែវ នៅ​ថ្ងៃ​អង្គារ។

សេចក្តី​ថ្លែង​ដែល​បាន​ផ្ញើ​ទៅ​ស្ថានទូត​បរទេស រដ្ឋាភិបាល​កម្ពុជា​និង​ស្ថាន​បេសកកម្ម​នៅ​ទីក្រុង ហ្សឺណែវ បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​អង្គការ​បាន​ផ្តល់​អនុសាសន៍​ជាច្រើន​នៅ​ពាក់​កណ្តាល​ឆ្នាំ ២០១៣ ស្ថានការណ៍​សិទិ្ធ​មនុស្ស​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។

សេចក្តី​ថ្លែង​នោះ​បន្ថែម​ថា៖ «ចាប់​តាំង​ពី​ដើម​ឆ្នាំ ២០១៤ ការ​គោរព​សិទិ្ធ​មនុស្ស​នៅ​កម្ពុជា​រាប់​បញ្ចូល​ទាំង​ការ​ប្រព្រឹត្ត​មក​លើ​អ្នក​ការពារ​សិទិ្ធ​មនុស្ស បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ដល់​ចំណុច​មាន​វិបតិ្ត»។

អង្គការ​សិទិ្ធ​មនុស្ស​ទាំង​ពីរ​បាន​ស្នើ​ឲ្យ​បរទេស​ដាក់​សម្ពាធ​លើ កម្ពុជា ចំពោះ​បញ្ហា​ចំនួន ៤ នៅ​ក្នុង​អង្គ​ប្រជុំ​ស្តី​ពី​ការ​ត្រួត​ពិនិត្យ​សិទ្ធិ​មនុស្ស​ជា​សកល​ជា​ប្រចាំ (Universal Periodic Review ,UPR)។

សេចក្តី​ថ្លែង​បាន​បន្ថែម​ថា រដ្ឋ​សមាជិក​អង្គការ​សហ​ប្រជាជាតិ​គួរ​អំពាវនាវ «ឲ្យ​បើក​សវនាការ​ឧទ្ធរណ៍​ដោយ​យុតិ្តធម៌ និង​ឆាប់​រហ័ស​លើ​បាតុករ ២៣នាក់ ដែល​ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​បាតុកម្ម​នៅ​ភ្នំពេញ កាល​ពី​ថ្ងៃ ទី២ និង ៣ ខែ មករា ឆ្នាំ ២០១៤» និង​ការ​ថែទាំ​គ្រប់​គ្រង​ចំពោះ​អ្នក​ជាប់​ឃុំ។
រដ្ឋ​សមាជិក​ក៏​គួរ​ស្នើ​ប្រទេស កម្ពុជា បញ្ចប់​ការ​ប្រើ​ប្រាស់​កម្លាំង​ជ្រុល​ហួស​ហេតុ​ក្នុង​ការ​ប្រឆាំង​នឹង​អ្នក​តវ៉ា ត្រូវ​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់ចត់ និង​គ្មាន​លម្អៀង​លើ​អំពើ​ហិង្សា ផ្តល់​សំណង​ដល់​ជន​រងគ្រោះ និង​លុប​ចោល​ការ​ហាម​ប្រាម​ការ​ប្រមូល​ផ្តុំ​ជា​សាធារណៈ ដែល «គ្មាន​មូលដ្ឋាន​ច្បាប់»។

រដ្ឋាភិបាល​ត្រូវ​រាយការណ៍​ជូន​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ រៀង​រាល់ ៤ ឆ្នាំ​កន្លះ អំពី​ចំណាត់ការ​អ្វី​ខ្លះ​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​ដើម្បី​លើក​កម្ពស់​សិទិ្ធ​មនុស្ស និង​បំពេញ​កាតព្វកិច្ច​អន្តរជាតិ​នៅ​ក្នុង​សម័យ​ប្រជុំ​ជាមួយ​នឹង​រដ្ឋ​សមាជិក​ដទៃ​ទៀត។

ការ​ត្រួត​ពិនិត្យ​លើ​កម្ពុជា​ចុង​ក្រោយ​គឺ​នៅ​ក្នុង​អំឡុង​ខែ ធ្នូ ឆ្នាំ ២០០៩។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា អនុសាសន៍​នឹង​ត្រូវ​យក​មក​ពិចារណា​ក្នុង​បរិបទ​ច្បាប់​របស់​ប្រទេស កម្ពុជា។

លោក​បញ្ជាក់​ថា៖ «ច្បាប់​និង​សណ្តាប់ធ្នាប់​ត្រូវ​តែ​រក្សា និង​ស្តារ​ឡើង​វិញ។ ភាគី​ទាំង​អស់​ត្រូវ​គោរព​នីតិរដ្ឋ និង​នីតិវិធី​ច្បាប់។ អនុសាសន៍​នឹង​ត្រូវ​យក​មក​ពិចារណា​អនុលោម​តាម​ច្បាប់​របស់​កម្ពុជា ដោយ​ចាំបាច់​ត្រូវ​ធានា​សន្តិសុខ»។

«យើង​មិន​ដែល​រំលោភ​រដ្ឋ​ធម្មនុញ្ញ​ទេ។ បាតុកម្ម​ត្រូវ​តែ​ស្រប​តាម​ច្បាប់​បាតុកម្ម»។

លោក សម រង្ស៊ី មេ​ដឹកនាំ​គណបក្ស​ប្រឆាំង បាន​ចាក​ចេញ​ទៅ​អឺរ៉ុប​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ដោយ​សង្ឃឹម​ចូល​រួម​ក្នុង​ការ​ត្រួត​ពិនិត្យ​របស់​អង្គការ​សហ​ប្រជាជាតិ ដែល​ជា​ធម្មតា​ត្រូវ​បាន​កម្រិត​ត្រឹម​រដ្ឋាភិបាល និង​អង្គការ​មិន​មែន​រដ្ឋាភិបាល៕ TK

No comments: