A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 13 August 2016

បក្សប្រឆាំង​ដកខ្លួន​ចេញ​ពី​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ទើប​ប្រកាស​ពី​ដើម​សប្ដាហ៍​


ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០១៦​  vod





គណបក្សសង្គ្រោះជាតិ នៅថ្ងៃសៅរ៍នេះ បានប្រកាសដកខ្លួនចេញពីយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ដែលទើបប្រកាសឡើងមិនដល់មួយសប្ដាហ៍ផង ហើយបានអំពាវនាវទៅដល់រដ្ឋាភិបាល និងអាជ្ញាធរ កុំឲ្យមានការព្រួយបារម្ភ។

កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានថ្លែងទៅកាន់អ្នកគាំទ្រ និងអ្នកសារព័ត៌មានថា គណបក្សប្រឆាំងមួយនេះ នឹងចូលរួមធ្វើយុទ្ធនាការពាក់អាវខ្មៅ ដើម្បីទាមទារឲ្យទម្លាក់ចោលការចោទប្រកាន់ និងដោះលែងសកម្មជនការពារសិទ្ធិមនុស្ស និងមន្ត្រីរៀបចំការបោះឆ្នោត ដែលកំពុងជាប់ឃុំ។

លោកមានប្រសាសន៍ថា៖ «កន្លងមកគឺយើងរងចាំមើលដំណើរការរបស់សមត្ថកិច្ចទាក់ទងនឹងការស្វែងរកយុត្តិធម៌ជូនលោក កែម ឡី យើងរងចាំមើល ហើយយើងចាំមើលក្រែងមានដំណោះស្រាយនយោបាយក្នុងការដោះលែងនិងទម្លាក់ចោលការចោទប្រកាន់នោះ ប៉ុន្តែ រយៈពេលជិត៣ខែហើយ គឺយើងអត់ទាន់មានឃើញស្អីទេ ដូច្នេះហើយបានជាគណបក្សសង្គ្រោះជាតិបានសម្រេចថា យើងនេះគាំទ្រនៅចលនានេះ ហើយចូលរួមផងដែរ»។



ប៉ុន្តែ នៅព្រឹកថ្ងៃសៅរ៍នេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានថ្លែងទៅកាន់អ្នកគាំទ្រ និងអ្នកសារព័ត៌មានថា គណបក្សរបស់លោក មិនមានផែនការរៀបចំយន្តការដើម្បីសម្ដែងមតិតាមរយៈការស្លៀកពាក់ខោអាវខ្មៅ នៅតាមទីធ្លាសាធារណៈទេ ដោយលោកចាត់ទុកការលើកនាពេលកន្លងរបស់លោក អេង ឆៃអ៊ាង ធ្វើឡើងតាមឆន្ទៈរបស់បុគ្គលម្នាក់ ឬថ្នាក់ដឹកនាំម្នាក់ៗ ដែលមានបំនងចង់សម្ដែងមតិ។

លោក យឹម សុវណ្ណ ថ្លែងថា៖ «គណបក្សសង្គ្រោះជាតិមិនមានផែនការរៀបចំយន្តការដើម្បីសម្ដែងមតិតាមរយៈការស្លៀកពាក់ខោអាវខ្មៅនៅតាមទីធ្លាសាធារណៈទេ។ ដូច្នេះ ខ្ញុំសូមបញ្ជាក់ទៅរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចថា កុំឲ្យមានការបារម្ភ»។

លោកបន្តថា៖ «កន្លងមក គណបក្សបានធ្វើតាម គោរពតាមឆន្ទៈរបស់បុគ្គលិកម្នាក់ ថ្នាក់ដឹកនាំម្នាក់ៗ ដែលមានបំណងចង់សម្ដែងមតិ។ សម្ដែងមតិនេះ មិនមែនជាការគំរាមកំហែងអីទេ គ្រាន់តែសម្ដែងមតិដើម្បីដោះស្រាយបញ្ហា ដោះស្រាយយុត្តិធម៌ជូនអ្នករងគ្រោះតែប៉ុណ្ណោះ»។

ទាក់ទងនឹងការដកខ្លួនចេញពីយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅនេះ លោក យឹម សុវណ្ណ បានថ្លែងថា៖ «ខ្ញុំជឿថា យើងមិនចង់ឃើញបញ្ហានយោបាយដែលចេះតែជាប់គាំង ដែលចេះតែធ្វើឲ្យរំខានអារម្មណ៍នៅក្នុងការបំពេញការងាររបស់យើងម្នាក់ៗនោះទេ»។

សហគមន៍មានជម្លោះដីធ្លីនៅរាជធានីភ្នំពេញ បានធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅចំនួន ១៤សប្ដាហ៍រួចមកហើយ ដើម្បីទាមទារឲ្យដោះលែងសកម្មជនការពារសិទ្ធិ ០៤រូប នៃសមាគមការពារសិទ្ធិមនុស្សអាដហុក និងអគ្គលេខាធិការរង គ.ជ.ប. ដែលត្រូវបានសាលាដំបូងរាជភ្នំពេញ ចោទប្រកាន់ពីបទសូកប៉ាន់សាក្សី និងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ពាក់ព័ន្ធនឹងសំណុំរឿងលោក កឹម សុខា ដែលត្រូវបានគេទម្លាយថាមានទំនាក់ទំនងស្នេហាជាមួយកញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ៕

No comments: